ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៥ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ឋសភាប្រចាំភូមិភាគ៨ ព្រមទាំងឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅបរិវេណមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ ឯកឧត្តម បន្តថាការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេស ព្រមទាំងការបង្កើត និងការទទួលបានការងារធ្វើបានកាន់តែល្អ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង សម្រាប់ប្រជាជនម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្ត ក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប អាចធ្វើការសិក្សាពេញមួយជីវិតទៅជាការពិត រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាពអាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាស ឱ្យធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។
ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នាឱ្យបានផុលផុសា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំប្រារព្ធទិវាជាតិនេះ នៅឆ្នាំបន្តបន្ទាប់ទៀត តាមគ្រប់រូបភាព ព្រមទាំងរួមចំណែកចូលរួមគាំទ្រ លើកទឹកចិត្តទាំងធនធានថវិកា និងធនធានបច្ចេកទេស ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍កម្លាំងពលកម្ម ជំនាញនៅកម្ពុជានាពេលបច្ចុប្បន្ន និងថ្ងៃអនាគតឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឱ្យដឹងថា កន្លងមកមជ្ឈមណ្ឌល បានបណ្តុះបណ្តាលសិក្ខាកាមសរុប ៨០៩០នាក់ ស្រី ៤៨៧៦នាក់ ជនជាតិដើមភាគតិច ៦៣៨៧នាក់ ស្រី ៣៨៨០នាក់ ភាគច្រើនសិក្សាលើជំនាញកសិកម្មវគ្គខ្លី។ លោកបន្ថែមថា ដោយឡែកសម្រាប់ឆ្នាំ២០២២ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលវគ្គមធ្យម កម្រិតជាន់ខ្ពស់បច្ចេកទេស ៣១នាក់ និងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ១៤នាក់ វិជ្ជាជីវៈ២ ១២នាក់ និងវិជ្ជាជីវៈ៣ ៧នាក់។
លោក បញ្ជាក់ថា គោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់ដឹងអំពីសារសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញ មានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុង និងក្រៅប្រទេស។
នាឳកាសនោះ ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ១៦នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ៤ម៉ឺនរៀល និងសិស្សានុសិស្សចំនួន ១៧០នាក់ ក្នុងម្នាក់ៗ ទទួលថវិកា ១ម៉ឺនរៀលផងដែរ៕









No comments:
Post a Comment