នាថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១-២០២២។ នាឱកាសនោះ លោកជំទាវអភិបាលខេត្តបានថ្លែងអំណរគុណ ដល់មន្ទីរអប់រំ យុវជន និងកីឡា សមាគមនានាក្នុងខេត្ត ដែលបានគាំទ្រក្នុងការបើកវគ្គបំប៉ន ដល់ប្អូនៗ សិស្សានុសិស្ស ដែលមកពីវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង វិទ្យាល័យប៉ាក់ខ្លង និងវិទ្យាល័យ ហ៊ុន សែន ចាំយាម ទាំង ៣០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសឱ្យប្អូនៗទាំងអស់មានលទ្ធភាព ជាប់ភាគរយខ្ពស់ និងទទួលបាននិទ្ទេស A និង B ឱ្យបានច្រើនសម្រាប់ខេត្ត របស់យើង។
លោកជំទាវបានបន្ថែមថា អ្វីដែលសំខាន់បំផុត គឺប្អូនៗតែម្តង ត្រូវតែខិតខំបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ មានចម្ងល់ត្រូវសាកសួរ ត្រូវសិក្សាស្រាវជ្រាវ ជំរុញការរៀនសូត្រឱ្យបានច្រើន ព្រោះជាឆ្នាំត្រូប្រឡង។ ខ្ញុំជឿជាក់ថាលោកគ្រូ អ្នកគ្រូ ដែលជាឪពុក ម្តាយទី២ ពិតជាខិតខំបង្ហាត់បង្ហាញប្អូនៗ នូវចំណេះដឹងទាំងអស់ ដល់ប្អូនៗ ដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់លោកគ្រូ អ្នកគ្រូ សាលារៀន គ្រួសារ និងខេត្តកោះកុងរបស់យើងផងដែរ។
ម្យ៉ាងទៀតប្អូនៗ ទទួលបាននិទ្ទេសល្អ អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីយកចំណេះដឹងមក ក្នុងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិរបស់យើង កាន់តែមានការីកចំរើនបន្តទៀត៕









No comments:
Post a Comment