នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារពង្រឹងគុណភាពវិស័យអប់រំក្នុងខេត្ត និងការបង្ហាញបទពិសោធន៍ជាគំរូ ចំពោះការផ្ទេរមុខងារមតេយ្យសិក្សា និងបឋមសិក្សាទៅរដ្ឋបាលក្រុងស្រុក ក្នុងខេត្តបាត់ដំបង នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ហើយក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាល ក្រុង ស្រុកទាំង១៤ លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំដែលពាក់ព័ន្ធផងដែរ ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ណែនាំដល់នាយកសាលា នាយករង លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ បន្តពង្រឹងសមត្ថភាពសិស្សឱ្យកាន់តែពូកែ ដោយក្នុងនោះត្រូវធ្វើការពង្រឹងសមត្ថភាពរបស់នាយកសាលា នាយករង លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ជាមុនសិន ទាំងការបង្រៀនផ្ទាល់ និងការបង្រៀនតាមប្រព័ន្ធអនឡាញ ដោយត្រូវមានបច្ចេកទេសក្នុងការបង្រៀនច្បាស់លាស់ មានវិធីសាស្រ្ដក្នុងការបង្រៀនសិស្សឱ្យឆាប់យល់ ឆាប់ចេះ និងបង្ហាញនូវបទពិសោធន៍ថ្មី ការស្រាវជ្រាវលំហាត់ថ្មីៗដល់សិស្សានុសិស្ស ព្រោះនៅក្នុងឆ្នាំនេះដែរ ខេត្តបាត់ដំបងពុំមានសិស្សបានប្រឡងជាប់ជាសិស្សពូកែម្នាក់ឡើយ ដែលនេះគឺជាបញ្ហាយើងត្រូវធ្វើការពង្រឹងសមត្ថភាពសិស្សជាបន្ទាន់ ដើម្បីប្រព័ន្ធអប់រំក្នុងខេត្តបាត់ដំបងប្រកបដោយគុណភាព ។
ឯកឧត្តមបានបន្តទៀត ត្រូវធ្វើការលើកទឹកចិត្តទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបង្ហាត់បង្រៀនបណ្ដុះនូវសិស្សពូកែជាច្រើនក្នុងខេត្តបាត់ដំបង និងអាចចូលរួមប្រឡងប្រកួតប្រជែងដណ្ដើមយកពានរង្វាន់សិស្សពូកែថ្នាក់ជាតិ លើកកិត្តិយសជូនក្រុមគ្រួសារ ក៏ដូចជាលើកកិត្តិយសដល់ខេត្តបាត់ដំបងឱ្យកាន់តែមានភាពល្បីល្បាញផងដែរ ។
ក្នុងនោះឯឧត្តមក៏បានលើកឡើងអំពីបញ្ហា អនាម័យចំណីអាហារ អនាម័យបរិស្ថាន ដែលនាយកសាលាគ្រប់រូប ត្រូវពិនិត្យជាបន្ទាន់លើបញ្ហានេះ ព្រោះបញ្ហាអនាម័យចំណីអាហារ និងបរិស្ថាននេះ ក៏ជាផ្នែកមួយដែលធ្វើឱ្យមានការធ្លាក់ចុះនូវចំនួនសិស្សពូកែ និងចំនួនសិស្សដែលបោះបង់ការសិក្សាផងដែរ ព្រោះកាលណាដែលសិស្សានុសិស្សបរិភោគចំណីអាហារដែលគ្មានអនាម័យ និងអង្គុយរៀនដែលមានបរិស្ថានជុំវិញមិនស្អាត មានក្លិនសំរាម បង្កជាមេរោគផ្សេងៗនោះ ធ្វើឱ្យសិស្សានុសិស្សបង្កជាជំងឺផ្សេងៗ បង្កើតឱ្យសិស្សានុសិស្សទាំងនោះលែងមានអារម្មណ៍ផ្ដោតទៅលើការសិក្សា និងអាចឈានទៅរកការបោះបង់ចោលការសិក្សាក្នុងការករណីដែលសិស្សមានជំងឺធ្ងន់ធ្ងរ ។
ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបងជាខេត្តដំបូងគេក្នុងការអនុវត្តការផ្ទេរមុខងារមត្តេយ្យសិក្សា និងបឋមសិក្សាជូនទៅរដ្ឋបាលក្រុង ស្រុក ដើម្បីឈានទៅធ្វើការកែទម្រង់បន្តនៅថ្ងៃអនាគតបន្ថែមទៀត ការធ្វើបែបនេះគឺត្រូវមានដំណើរការទៅមុខ មិនងាកក្រោយនោះឡើយ ហើយជាជំហានបន្តទៅមុខ នឹងត្រូវដាក់ដំណើរការទូទាំងប្រទេស ដោយផ្ទេរមេត្តយសិក្សា និងបឋមសិក្សាទៅរដ្ឋបាលក្រុង ស្រុក និងឈានទៅរកការផ្ទេរអនុវិទ្យាល័យ និងវិទ្យាល័យមករដ្ឋបាលខេត្តនៅពេលខាងមុខនេះ ។
ឯកឧត្តម បានណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្រ្ដីអប់រំ លើកឡើងអំពីបទពិសោធន៍កន្លងមក អំពីចំណុចល្អ និងចំណុចខ្វះខាតមួយចំនួនបន្ទាប់ពីធ្វើការផ្ទេរមុខងារមេត្តេយ្យសិក្សា បឋមសិក្សាដល់រដ្ឋបាលក្រុង ស្រុក ដើម្បីធ្វើការយកជាគំរូជាបទពិសោធន៍ សម្រាប់ធ្វើការកែសម្រួល និងពង្រឹងការងារនាពេលក្រោយទៀត ឱ្យកាន់តែប្រសើរថែមទៀត ៕






No comments:
Post a Comment