រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញ ចូលរួមកម្មពិធីផ្តល់កញ្ចប់ស្បៀងអាហារសម្ភារៈសិក្សាចែកជូនដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយមានការ ចូលរួមពីគណៈប្រតិភូសេនាយុត្តិធម៌ និងសាលាដំបូងខេត្តព្រះសីហនុ ដែលកម្មវិធីនេះធ្វើឡើងនៅ សាលាដុនប៉ូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
កុមារកំព្រា និងកុមារងាយរងគ្រោះដែលបានចូលរួមក្នុងថ្ងៃនេះមានចំនួន២២៧នាក់ ស្រីចំនួន១០៥នា ក់ដែលមកពីមណ្ឌលថែរទាំទាំង៥ក្នុងខេត្តរួមមាន៖
-មណ្ឌលថែរទាំជំនួសរបស់អង្គការម្លប់តាប៉ាង
-មណ្ឌលផ្ទះនៃគ្រួសារ
-មណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ
-អង្គការអយឃីត
-សាលាបច្ចេកទេសដុនប៉ូស្កូខេត្តព្រះសីហនុ
ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនូវការអរគុណ និងកោតសរសើរ ចំពោះប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបុគ្គលិកក្នុងមណ្ឌលទាំង៥ ដែលយកចិត្តទុកដាក់ខ្ពស់ និង មើលថែដល់កុមារកំព្រា និងកុមារងាយរងគ្រោះក្នុងខេត្តទាំងអស់ កាយវិការនិងការយកចិត្តទុកដាក់នេះ គឺមានតែការទទួលបាននូវការគោរពពីសំណាក់យើងទាំងអស់គ្នានៅទីនេះ និងថ្នាក់ដឹកនាំទូទាំងខេត្ត ថ្នាក់ដឹកនាំទូទាំងប្រទេស ក៏ដូចជាកាទទួលបាននូវការគោរពពីប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈទឹកចិត្តដ៏ល្អបរិសុទ្ធ ដើម្បីជួយទៅដល់កុមារកំព្រា និងកុមារងាយរងគ្រោះ និយាយដោយ ឡែកក៏ដូចជួយទៅដល់កុមារទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ជាមួយគ្នានេះដែរឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារកំព្រា និងកុមារងាយរងគ្រោះ ចំនួន២២៧នាក់ក្នុងមណ្ឌលទាំង៥ ថាមិនត្រូវបាក់ទឹកចិត្ត ហើយត្រូវមាន ក្តីសង្ឃឹម និងការតស៊ូក្នុងជីវិតជានិច្ច ដើម្បីក្តីសង្ឃឹមខ្លួនឯង និងទំពាំងស្នងឬស្សីទៅដល់ប្រទេស ជាតិយើងផងដែរ។
ក្នុងនោះដែរ អំណោយដែលទទួលបានពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុង១មណ្ឌលទទួលបាន ថវិកា២លានរៀល ទឹកសុទ្ធ១១កេស និងក្មេងៗកុមារកំព្រា ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគផងដែរ៕








No comments:
Post a Comment