កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើប្រព័ន្ធគ្រប់គ្រងកំណត់ត្រាត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានភាពប្រសើរឡើងលើកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Friday, September 16, 2022

កិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើប្រព័ន្ធគ្រប់គ្រងកំណត់ត្រាត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានភាពប្រសើរឡើងលើកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា

នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការកម្មវិធីថែទាំផ្លូវថ្នល់ បានអញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍភាពការងាររៀបចំប្រព័ន្ធគ្រប់គ្រងកំណត់ត្រាត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ដើម្បីចូលរួមចំណែកធ្វើឱ្យកាន់តែមានភាពប្រសើរឡើងលើកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។ 


កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាជិកគណៈកម្មការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯឧអគ្គនាយក លោក-លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ២៥រាជធានីខេត្ត និងមន្ត្រីបច្ចេកទេសនៃអង្គភាពគម្រោងពាក់ព័ន្ធ។ 


នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការអភិវឌ្ឍមុខងារថ្មីនេះ និងបានផ្តល់អនុសាសន៍ណែនាំឱ្យអង្គភាពពាក់ព័ន្ធធ្វើការជំរុញបន្ថែម ក៏ដូចជាចូលរួមផ្តល់មតិ និងធាតុចូលសំខាន់ៗ នៃប្រព័ន្ធត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) ឱ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងសុក្រិតភាពក្នុងការប្រើប្រាស់។ 


កិច្ចប្រជុំ មានការធ្វើបទបង្ហាញអំពីវឌ្ឍភាពការងាររៀបចំអភិវឌ្ឍគម្រោង ព្រមទាំងបង្ហាញអំពីគំនូសប្លង់ប្រព័ន្ធមុខងារត្រួតពិនិត្យគុណភាពផ្លូវ ជូនដល់ថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ ជាពិសេសតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត ជាមូលដ្ឋានដើម្បីផ្តល់មតិយោបល់បន្ថែម។ 


សមាជិកសមាជិកា នៃអង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល ទៅលើគំនូសប្លង់ប្រព័ន្ធរបស់មុខងារត្រួតពិនិត្យគុណភាពផ្លូវ សំដៅធ្វើយ៉ាងណាឱ្យការងារជំហានបន្ត សម្រេចបានទៅតាមទិសដៅដែលបានដាក់ចេញ។


សូមបញ្ជាក់ដែរថា មុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) គឺជាមុខងារថ្មីមួយ នៅក្នុងកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យថ្នាក់ដឹកនាំក្រសួងធ្វើការតាមដាន ការងារត្រួតពិនិត្យគុណភាពផ្លូវ តាមរយៈរបាយការណ៍សាងសង់ របាយការណ៍ត្រួតពិនិត្យគុណភាព និងរបាយការណ៍វាយតម្លៃការងារសាងសង់ ក្នុងគោលបំណងឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព តម្លាភាព ពង្រឹងគុណភាពផ្លូវឱ្យកាន់តែរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង និងកាត់បន្ថយចំណាយថវិកា ក្នុងការជួសជុលថែទាំ៕





 

No comments:

Post a Comment

Pages