ខេត្តបាត់ដំបង៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់ ត្រូវបន្ដពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព ព្រមទាំងបង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ការឆែកឆេរផងដែរ។
ការផ្ដាំផ្ញើរបស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង និងជាតំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមដោយ អភិបាលរងខេត្តបាត់ដំបង អគ្គនាយករង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តបាត់ដំបង ឯកឧត្តម អគ្គនាយក បានមានមតិផ្តាំផ្ញើមួយចំនួនដល់មន្ត្រីពន្ធនាគារខេត្តបាត់ដំបងទាំងអស់ ដូចជា៖
១- ត្រូវរួមគ្នារក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន សុខដុមបនីយកម្ម និងប្រក្រតីភាពនៅកន្លែង ការងារ រក្សាឲ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ បំពេញការងារតាមឋានានុក្រម តាមមុខងារ ភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ។
២- ពង្រឹងលើកកម្ពស់អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានអនុវត្ត និង ជាត្រីវិស័យ ធានាឲ្យការងារដឹកនាំ និងជំនាញប្រកបដោយភាពត្រឹមត្រូវ។
៣- ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ ជាពិសេស គ្រឿងញៀន ទូរស័ព្ទដៃ និងសម្ភារបង្ក ហានីភ័យ ដែលជនជាប់ឃុំអាចប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តសកម្មភាពល្មើស។
៤- បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។
៥- ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រង ដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ធ្វើការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។
៦- បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ និងបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឲ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។
៧- ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ជាពិសេស ហ្វឹកហាត់ជំនាញ ការប្រើប្រាស់ ឧបករណ៍ សម្ភារបច្ចេកទេស អាវុធ កិច្ចអន្តរាគមន៍ឆ្លើយតបយថាហេតុដែលអាចកើតឡើង។
សូមជម្រាបជូនថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តបាត់ដំបង ជំនួស លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ សំអុល ធារិទ្ធ ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីរូបលោក បានបម្រើការងារក្នុងបុព្វហេតុវិស័យពន្ធនាគារ អស់រយៈពេលយូរមកហើយ៕
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ




No comments:
Post a Comment