អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ - សារព័ត៌មាន សម្លេងឈ្នះឈ្នះ

Breaking

Thursday, January 29, 2026

អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ស្នើដល់អ្នកពាក់ព័ន្ធ លើកឡើងដោយឥតលាក់លៀមនូវបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្មដែលសេសសល់ពីឆ្នាំចាស់ ធ្វើយ៉ាងណាត្រូវសម្រួចឆន្ទៈរួមគ្នាដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ។




ឯកឧត្តម អភិបាលខេត្ត ថ្លែងបែបនេះ នាឱកាសអញ្ជើញជាអធិបតី ជាមួយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលរៀបចំនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ ។




ឯកឧត្តមអភិបាលខេត្ត បានប្រសាសន៍បញ្ជាក់ថា ចំពោះរាល់ចំណុចទាំងឡាយ ដែលបានលើកឡើងក៏នឹងត្រូវរៀបចំជាផែនការ ដោយចាត់ជាអាទិភាពសម្រាប់ទិសដៅបន្តអនុវត្តនៅឆ្នាំបន្ទាប់ ដើម្បីធ្វើការដោះស្រាយឱ្យខាងតែបាន និងឱ្យឆ្លើយតបបានទាន់ពេលវេលាចំគោលដៅហើយប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធផល ។




ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ដែរថា សន្និបាតនាពេលនេះ សំដៅរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម និងសមស្របទៅតាមស្ថានការណ៍ជាក់ ស្តែងជុំវិញការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ត្រីគ្រប់ៗគ្នា ព្រមទាំងធ្វើការពិនិត្យលទ្ធផលការងារការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងសេវាសង្គម ប្រចាំឆ្នាំ២០២៥ ក្នុងដែនដីខេត្តកំពង់ចាមផងដែរ ។




ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់ នៃច្បាប់ លិខិតបទដ្ឋាន ជាធរមាន ព្រមទាំង ចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលធំៗ ជាច្រើននៅរយៈពេលពេញមួយឆ្នាំ២០២៥ កន្លងទៅផងដែរ ៕




ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម





 

No comments:

Post a Comment

Pages